MKEX គាំទ្រការស្តារសាលារៀនដែលរងការខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
ថ្ងៃចេញផ្សាយ ៖ 13/10/2026 05:53:20
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 

ឧត្តរមានជ័យ:ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ 2026 នេះផងដែរ លោកស្រី Lee Hyunjoo ធ្វើដំណើរចុះផ្ទាល់ដល់ខេត្តឧត្តរមានជ័យ —ដោយពាំនាំយកនូវថវិកាគាំទ្រអាចជួយស្តារសាលារៀនចំនួន ៦ ក្នុងចំណោមសាលារងការខូចខាតចំនួន ១២ក្នុងខេត្តឧត្តរមានជ័យជាប់ព្រំដែនប្រទេសថៃ។

លោកស្រី Lee Hyunjoo ប្រធាន Mekong Digital Asset Exchange (MKEX) និងលោក Lee Changhoon នាយក MKEX បានធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីចុះពិនិត្យផ្ទាល់ និងចូលរួមគាំទ្រការស្តារសាលារៀនដែលរងការខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ ព្រមទាំងផ្តល់ការគាំទ្រដល់សិស្សានុសិស្សនៅតំបន់រងគ្រោះ។

លោកស្រី Lee Hyunjoo ដែលតែងតែយកចិត្តទុកដាក់ និងបន្តចូលរួមគាំទ្រវិស័យអប់រំ និងកុមារនៅកម្ពុជា បានធ្វើដំណើរប្រមាណ ៨ ម៉ោងពីរាជធានីភ្នំពេញ ដើម្បីទៅមើលស្ថានភាពជាក់ស្តែង និងជួបសិស្សានុសិស្សដែលរងផលប៉ះពាល់ដោយផ្ទាល់។

គណៈប្រតិភូបានចូលជួបថ្នាក់ដឹកនាំនៅ រដ្ឋបាលខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនោះ អភិបាលរងខេត្ត ដែលបានទទួលជួបគណៈប្រតិភូតំណាងឱ្យអភិបាលខេត្ត បានធ្វើបទបង្ហាញអំពីស្ថានភាពសាលារៀនដែលរងការខូចខាត និងស្ថានភាពអប់រំរបស់សិស្សានុសិស្ស ព្រមទាំងពិភាក្សាអំពីផែនការស្តារសាលារៀន និងការគាំទ្រផ្នែកអប់រំនាពេលបន្តបន្ទាប់។

ជាពិសេស អភិបាលរងខេត្តបានថ្លែងអំណរគុណចំពោះលោកស្រី Lee Hyunjoo ដែលបានធ្វើដំណើរផ្លូវឆ្ងាយមកដល់តំបន់រងគ្រោះ និងបានបន្តចូលរួមគាំទ្រវិស័យអប់រំ ហើយបាន ប្រគល់ប័ណ្ណសរសើរពិសេសជូនលោកស្រី ដើម្បីជាការថ្លែងអំណរគុណ និងទទួលស្គាល់ការចូលរួមរបស់លោកស្រី។

ក្នុងដំណើរទស្សនកិច្ចនេះកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦កន្លងមកថ្មីៗនេះដោយលោកស្រីបានពាំនាំថវិកាសម្រាប់ការស្តារសាលារៀន ដែលទទួលបានតាមរយៈ កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន Kia ក៏ត្រូវបានប្រគល់ជូនផងដែរ។

តាមការបញ្ជាក់របស់អាជ្ញាធរ និងមន្ត្រីអប់រំក្នុងតំបន់ ក្នុងចំណោម សាលារៀនចំនួន ១២ ដែលរងការខូចខាតដោយសារជម្លោះ ថវិកាគាំទ្រលើកនេះអាចជួយស្តារសាលារៀនចំនួន ៦ ក្នុងនោះរួមមានសាលារៀនចំនួន២ដែលត្រូវបានបំផ្លាញទាំងស្រុង។

បន្ទាប់មក លោកស្រី Lee Hyunjoo និងលោក Lee Changhoon បានរួមដំណើរជាមួយអាជ្ញាធរខេត្ត និងមន្ត្រីអប់រំ ចុះពិនិត្យផ្ទាល់នៅ សាលាបឋមសិក្សា តាមន្តសែនជ័យ (Ta Moan Senchey Primary School)ដែលរងការខូចខាតក្នុងអំឡុងពេលជម្លោះ។

នៅទីនោះ MKEX បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំង ផ្តល់អាហារូបករណ៍ជូនសិស្សានុសិស្ស។ MKEX ក៏បានសន្យាថា បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ នឹងបន្តផ្តល់ សម្ភារៈសិក្សា និងឧបករណ៍អប់រំដែលសាលា និងសិស្សានុសិស្សត្រូវការ។

ក្នុងសកម្មភាពនេះ ក៏មានការចូលរួមពីតំណាងបុគ្គលិកក្រុមហ៊ុន Kia លោក Choi Minwoong, លោក Jung Myung-kyu ប្រធានសមាគមជនជាតិកូរ៉េនៅកម្ពុជា, លោក Lim Jong-won អនុប្រធានសមាគមជនជាតិកូរ៉េនៅកម្ពុជា និងលោកស្រី Chea Lyse ជំនួយការរដ្ឋលេខាធិការក្រសួងព័ត៌មាន ផងដែរ។

លោកស្រី Lee Hyunjoo ប្រធាន MKEX បានមានប្រសាសន៍ថា៖

«នៅពេលបានមកឃើញដោយផ្ទាល់នូវសាលារៀនដែលរងការខូចខាត និងកុមារដែលកំពុងសិក្សាក្នុងបរិយាកាសបណ្តោះអាសន្ន ខ្ញុំមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង។ ខ្ញុំសង្ឃឹមថា តាមរយៈការគាំទ្រលើកនេះ កុមារអាចត្រឡប់ទៅកាន់ថ្នាក់រៀនដែលមានសុវត្ថិភាពបានឆាប់រហ័ស។ ការស្តារឡើងវិញមិនគួរបញ្ចប់ត្រឹមការសាងសង់អគារសាលាឡើងវិញនោះទេ។ យើងនឹងបន្តនៅជាមួយកុមារ ដើម្បីឱ្យពួកគេអាចសិក្សាបានដោយសុវត្ថិភាព និងបន្តក្តីសុបិនរបស់ពួកគេ»។ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦]

Mekong Digital Asset Exchange (MKEX) នឹងបន្តសកម្មភាពទំនួលខុសត្រូវសង្គម ដោយផ្តោតលើការគាំទ្រការអប់រំ អាហារូបករណ៍ សម្ភារៈសិក្សា និងតម្រូវការចាំបាច់របស់កុមារនៅតំបន់រងគ្រោះ។ (ដោយឈឿន ប៊ុនឈី)

ព័ត៌មានផ្សេងៗ
ដំណើរអញ្ជើញចុះសួរសុខទុក្ខ ដល់នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ៤២  របស់ឯកឧត្ដម វុី សំណាង អភិបាលនៃគណអភិបាលខេត្ត តាកែវ
18/10/2026 01:23:53 krth
កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន
16/10/2026 11:42:12 krth
អភិបាលខេត្ត ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់
14/10/2026 03:46:54 krth
MKEX គាំទ្រការស្តារសាលារៀនដែលរងការខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
13/10/2026 05:53:20 krth
រដូវភ្ជុំបិណ្ឌរយៈពេលបីថ្ងៃឆ្នាំនេះមានចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ
13/10/2026 04:16:20 krth

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost