ឧត្តរមានជ័យ:រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវភ្លោះបេតុងអាមេ ចាប់ពីរង្វង់មូលព្រះលោកេស្វរៈ ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ និងបើកការដ្ឋានស្ថាបនាផ្លូវបេតុងអាមេ ចំនួន២ ខ្សែប្រវែង ២៧០ម៉ែត្រ ទទឹង ១២ម៉ែត្រ និងចាក់បេតុងអាមេ ទីធ្លាសួនទំហំ ៦០០០ម៉ែត្រការ៉េស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ក្រោមអធិបតីភាព ឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមគន់គីមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពីមន្រ្តីរាជការរួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ។

លោក ផុន ចាន់និល អភិបាលក្រុងសំរោង បានលើកឡើងថា ផ្លូវភ្លោះបេតុងអាមេដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់នាពេលនេះ មានប្រវែង ៣៤៦០ម៉ែត្រ ទទឹង១៥ម៉ែត្រ មានកម្រាស់២តឹក និងបានរៀបការ៉ូឡាសងខាង ផ្លូវទំហំ ២ម៉ែត្រ សួនច្បារទ្រូងផ្លូវ និងដាក់បង្គោលភ្លើងសូឡាដៃភ្លោះ ចាប់ពីរង្វង់មូលព្រះលោកេស្វរៈ ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ក្នុងពេលជាមួយគ្នាក៏មានការដ្ឋានស្ថាបនាផ្លូវបេតុងអាមេ ចំនួន២ ខ្សែប្រវែង ២៧០ម៉ែត្រ ទទឹង ១២ម៉ែត្រ និងចាក់បេតុងអាមេ ទីធ្លាសួនទំហំ ៦០០០ម៉ែត្រការ៉េ ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា សមិទ្ធិផលថ្មីស្រឡាងជាប្រវត្តិសាស្រ្តសម្រាប់ខេត្តឧត្ដរមានជ័យ គឺជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងការជំរុញការអភិវឌ្ឍមូលដ្ឋាន សម្រួលដល់ការធ្វើដំណើររបស់ប្រជា
ពលរដ្ឋ ការដឹកជញ្ជូនកសិផល និងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់ឱ្យកាន់តែមានភាពរលូន។
ឯកឧត្ដម បន្ដថា ការលេចត្រដាងឡើងនូវដងផ្លូវបេតុងដ៏ធំទូលាយ អមដោយភ្លើងអគ្គិសនីសូឡា និងសួនច្បារដ៏ស្រស់ស្អាត មិនត្រឹមតែជួយកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរនាពេលរដូវវស្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង លើកស្ទួយសោភ័ណភាពទីក្រុងសំរោង ឱ្យស័ក្តិសមជាទីប្រជុំជនខេត្តព្រំដែនដ៏មានសក្តានុពល និងនាំមកនូវមោទនភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ឯកឧត្ដម អភិបាលខេត្ត ស្នើសុំបងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទាំងអស់ ត្រូវចូលរួមថែរក្សា ការពារឱ្យបានគត់មត់ និងគង់វង្ស ប្រយោជន៍ដល់ការប្រើប្រាស់បានយូរអង្វែង ជៀសវាងការបង្កលក្ខណៈឱ្យមានការខូចខាត ឬ បែកបាក់នូវចំណុចណាមួយដោយចេតនា និងការធ្វេសប្រហែស ដូចជា ការចតយានយន្ត ឬលក់ដូរលើទ្រូងផ្លូវ ឬលើការ៉ូឡា ការចតឈប់កិនបំបែកមាត់លូ ឬខឿនចិញ្ចើមផ្លូវ ការចោលសំរាមកកស្ទះក្នុងមាត់លូ និងការបុកប៉ះ ឬចោលវត្ថុរឹងបំបែកអំពូលភ្លើង បង្គោលភ្លើង ការបើកបរលើសល្បឿនកំណត់បង្កជាគ្រោះថ្នាក់ចរាចរណ៍…ជាដើម៕ (ដោយឈឿន ប៊ុនឈី)
ដំណើរអញ្ជើញចុះសួរសុខទុក្ខ ដល់នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ៤២ របស់ឯកឧត្ដម វុី សំណាង អភិបាលនៃគណអភិបាលខេត្ត តាកែវ
កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន
អភិបាលខេត្ត ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់
MKEX គាំទ្រការស្តារសាលារៀនដែលរងការខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
រដូវភ្ជុំបិណ្ឌរយៈពេលបីថ្ងៃឆ្នាំនេះមានចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost