អភិបាលខេត្ត ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ១០ភូមិ 
ថ្ងៃចេញផ្សាយ ៖ 21/09/2026 14:10:18
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 

ប៉ៃលិន៖ ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តប៉ៃលិន បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន ១០ភូមិ ក្នុងឃុំអូរអណ្តូង និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពលោក ជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងប្រជាពលរដ្ឋ ដែលជាម្ចាស់អចលនវត្ថុ។

មានប្រសាសន៍ក្នុងពិធី លោកជំទាវបណ្ឌិត បាន ស្រីមុំ បានបញ្ជាក់ថា៖ ការផ្តល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់ អចលនវត្ថុ ជូនប្រជាពលរដ្ឋ គឺជាផ្នែកមួយនៃការអនុវត្តការងារចុះបញ្ជីដីធ្លី និងជាវិធានការសំខាន់ក្នុងការធានា សុវត្ថិភាព នៃការ កាន់ កាប់និងប្រើប្រាស់អចលនវត្ថុរបស់ប្រជាពលរដ្ឋ ពីព្រោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺមានសារៈ សំខាន់ ក្នុងការ បញ្ជាក់សិទ្ធិលើអចលនវត្ថុរបស់ម្ចាស់ កម្មសិទ្ធិជួយកាត់បន្ថយហានិភ័យនៃការកើតមានទំនាស់ពាក់ព័ន្ធនឹង ដីធ្លី និង សម្រួល ដល់ការធ្វើប្រតិបត្តិការ ផ្សេងៗ ដែល ពាក់ព័ន្ធ នឹងអចលនវត្ថុ រួមទាំងការផ្ទេរសិទ្ធិ ឬកម្មសិទ្ធិបន្តតាមនីតិ វិធី។

លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងនាម ជា អ្នកផ្តល់សេវាសាធារណៈ ត្រូវអនុវត្តការងារដោយតម្លាភាព ត្រឹមត្រូវ និងច្បាស់លាស់ ព្រមទាំងគិតគូរពីផលប្រយោជន៍ របស់ប្រជាពលរដ្ឋជាធំ ព្រោះបញ្ហាដីធ្លីជាបញ្ហារសើប ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ និងការអនុវត្តការងារប្រកប ដោយការ ទទួលខុសត្រូវខ្ពស់ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ត្រូវរក្សា ទុកឯកសារឱ្យបានល្អ និងប្រើប្រាស់ឯកសារតាមគោលការណ៍ និងនីតិវិធីព្រមទាំងចូលរួមថែរក្សា និងការពារសិទ្ធិ ស្របច្បាប់លើអចលនវត្ថុរបស់ខ្លួន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យស្វែងយល់ឱ្យបានច្បាស់លាស់ អំពីនីតិវិធីនៃការចុះបញ្ជីនិងការផ្តល់កម្មសិទ្ធិដីធ្លី ដើម្បីជៀសវាងការចាញ់បោកជនខិលខូច ដែលអាចឆ្លៀតឱកាសទារកម្រៃបន្ថែមលើសេវាដែលបានកំណត់តាមច្បាប់ និងតារាងតម្លៃសេវាសាធារណៈ ហើយបើករណីមានចម្ងល់ ឬមិនមាន ភាពច្បាស់លាស់ពាក់ព័ន្ធនឹងនីតិវិធីនិងសេវាកម្ម លោកជំទាវបានណែនាំឱ្យប្រជាពលរដ្ឋស្វែងរក ការប្រឹក្សាយោបល់ ពី មន្ត្រីជំនាញនៅតាមទីតាំងផ្តល់សេវា រួមមានរដ្ឋបាលក្រុង ស្រុក និងច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្ត ដើម្បីទទួល បានព័ត៌មានត្រឹមត្រូវ និងជៀសវាងការចំណាយក្រៅផ្លូវការ។

លោក ហុង ពៅ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា៖ ខេត្តប៉ៃលិន មានក្បាលដីប៉ាន់ស្មានប្រមាណ ៦០,២០៨ ក្បាលដី ក្នុងនោះការចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុរួច មានចំនួន ២១,៣១៤ ក្បាលដី ក្នុងនោះ ស្រុកសាលាក្រៅ មានក្បាលដីប៉ាន់ស្មានប្រមាណ ៣៤,៨៥៧ ក្បាលដី ហើយការងារវាស់វែងក្បាលដីបានបញ្ចប់ ១០០ភាគរយ ដោយចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុរួច មានចំនួន ៩,២៨៧ ក្បាលដី៕ដោយ ៖ នាក់ ង៉យ

ព័ត៌មានផ្សេងៗ
ដំណើរអញ្ជើញចុះសួរសុខទុក្ខ ដល់នាយ ពលទាហាន កងពលតូចថ្មើរជើងលេខ៤២  របស់ឯកឧត្ដម វុី សំណាង អភិបាលនៃគណអភិបាលខេត្ត តាកែវ
18/10/2026 01:23:53 krth
កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន
16/10/2026 11:42:12 krth
អភិបាលខេត្ត ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់
14/10/2026 03:46:54 krth
MKEX គាំទ្រការស្តារសាលារៀនដែលរងការខូចខាតដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
13/10/2026 05:53:20 krth
រដូវភ្ជុំបិណ្ឌរយៈពេលបីថ្ងៃឆ្នាំនេះមានចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ
13/10/2026 04:16:20 krth

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost