រាជធានីភ្នំពេញ:នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ ដែលដឹកនាំដោយ ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសម្របសម្រួលដោយ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM) និង WorldBridge Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កូរ៉េ-កម្ពុជា ដែលបានឈានដល់កម្រិត «ដៃគូយុទ្ធសាស្ត្រ»។ ជាមួយគ្នានេះ គណៈប្រតិភូវិនិយោគិនកូរ៉េសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ គណៈប្រតិភូវិនិយោគិនកូរ៉េ បានបញ្ជាក់ថា គណៈប្រតិភូនេះ មានតំណាងក្រុមហ៊ុនចំនួន ១៥ មកពីវិស័យគន្លឹះៗដូចជា៖ យានយន្ត, អេឡិចត្រូនិក, វាយនភណ្ឌ, ការចែកចាយ និងម្ហូបអាហារ, ហិរញ្ញវត្ថុ និងធនាគារ, សំណង់, ព្រមទាំងការកម្សាន្ត និងវប្បធម៌ ។ ដំណើរទស្សនកិច្ចធុរកិច្ចនាពេលនេះ គឺដើម្បីរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាង កូរ៉េ-កម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងមានគោលបំណងស្វែងយល់ពីស្ថានភាពទីផ្សារនៅកម្ពុជា ដើម្បីកំណត់ទិសដៅពង្រីកអាជីវកម្មបន្ថែម ក៏ដូចជាចំណាប់អារម្មណ៍របស់ក្រុមហ៊ុនកូរ៉េថ្មីៗផ្សេងទៀត ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងចំណោមក្រុមហ៊ុនទាំង១៥, មានក្រុមហ៊ុនចំនួន ៧ កំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និង ៦ក្រុមហ៊ុនទៀត កំពុងវិនិយោគនៅប្រទេសវៀតណាម ដែលមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់កម្ពុជា។ គណៈប្រតិភូវិនិយោគិនកូរ៉េ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងសកម្មដល់ក្រុមហ៊ុនកូរ៉េ ដើម្បីទទួលបាននូវការរីកចម្រើន និងជោគជ័យនៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូវិនិយោគិនកូរ៉េ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ KOCHAM និង WorldBridge Group ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ។ សម្តេចធិបតីបានបញ្ជាក់ថា នៅឆ្នាំក្រោយ ជាខួបលេីកទី៣០ នៃការបង្កេីតទំនាក់ទំនងការទូតឡេីងវិញ រវាងប្រទេសទាំងពីរ។ ក្នុងរយៈពេលជិត ៣ទសវត្សរ៍នៃការបង្កេីតទំនាក់ទំនងការទូតកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ, ទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ មានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះក្រុមហ៊ុនកូរ៉េក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនកូរ៉េក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគ ក៏ដូចជាការស្វែងរកឱកាសការវិនិយោគថ្មីៗទៀត លើវិស័យសក្កានុពលជាច្រើនទៀតនៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់វិនិយោគិន, ការកែទម្រង់ស្ថាប័ន, ការធ្វេីសាមញ្ញកម្មនីតិវិធីនានាព្រមទាំងការផ្តល់ការអនុគ្រោះពន្ធជាដេីម។ បន្ថែមលើនេះ សម្តេចធិបតីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងប្តេជ្ញាចិត្តយ៉ាងមុតមាំ និងខិតខំក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក ព្រមទាំងការបន្តអភិវឌ្ឍន៍វិស័យថាមពល ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្មនិងការដឹកជញ្ជូន សំដៅធានាឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងតំបន់ និងអន្តរជាតិ។
ជាទីបញ្ចប់ សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តរក្សាបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាពអំណោយផលខ្ពស់ និងលេីកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុនកូរ៉េ បន្តសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសជាក់ស្តែងក្នុងការពង្រីកការវិនិយោគ ក៏ដូចជាការវិនិយោគថ្មីៗនៅកម្ពុជា៕
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
យ៉ាងហោចណាស់កាលពីយប់មិញនេះផ្ទះលក់ចាប់ហួយមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះស្ទើរអស់ទាំងស្រុង
រដ្ឋបាលខេត្ត រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និងរាប់បាត្រ ឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាលដែលបានពលីក្នុងសមរភូមិមុខ
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
កម្ពុជា និង FBI ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost