ប្រជាពលរដ្ឋចំនួន ០៩ភូមិមកទទួលវិញ្ញាបនបត្រសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ
ថ្ងៃចេញផ្សាយ ៖ 10/07/2026 06:29:45
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 

ឧត្តរមានជ័យ:នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាព នៃបណ្ណសម្គាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុជូនប្រជាពលរដ្ឋ ដែលពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅបរិវេណវត្តជ័យមង្គល ស្ថិតក្នុងភូមិបុស្បូវ សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក គីម គាវិន ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត  បានលើកឡើងថា  បណ្ណសម្គាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុ ដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋ នាពេលនេះ មានចំនួន ៩ ៦៦៤បណ្ណ ស្មើរនឹង ០៩ភូមិ រួមមាន ភូមិបុស្បូវ ភូមិក្រសាំង ភូមិអូរព្រាល ភូមិពងទឹក ភូមិភ្លង់ចាស់ ភូមិភ្លង់ថ្មី ភូមិ ប្រាសាទ ភូមិប្រាសាទភ្នំដី និងភូមិត្របែក ដែលស្ថិតនៅសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយ ចក្ខុវិស័យរបស់ សម្តេចបហាបវរធិបតី បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី ១ ដែលក្នុងនោះ បានផ្តោតទៅលើការកែទម្រង់ ដីធ្លីឱ្យកាត់តែសកម្ម និងស៊ីជម្រៅ តាមរយៈការជំរុញបញ្ចប់នូវការចុះបញ្ជី ដីធ្លីនៅទូទាំងប្រទេស និងការដោះស្រាយវិវាទដីធ្លីនៅក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែមានទំហំតូច និងឈានទៅលុបបំបាត់ទំនាស់ដែលរ៉ាំរ៉ៃទាំងស្រុង។

ឯកឧត្ដម បាន បញ្ជាក់ថា បណ្ណសម្គាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លីដែលបងប្អូនទទួលបាននៅថ្ងៃនេះ គឺជាឯកសារផ្លូវច្បាប់ដ៏មានតម្លៃ ដើម្បីធានាបាននូវសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លីដោយសុវត្ថិភាពស្របតាមច្បាប់ភូមិបាល ជាពិសេស ងាយស្រួលក្នុងការធ្វើប្រតិបត្តិការផ្ទេរសិទ្ធិ ការបែងចែកមរតក ឬការលក់ដូរអចលនវត្ថុឱ្យមានតម្លាភាព និងស្របច្បាប់នៅចំពោះមុខអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងជាខែលការពារដ៏រឹងមាំក្នុងការកាត់បន្ថយហានិភ័យនៃវិវាទដីធ្លី និងបង្កើនភាពជឿជាក់ក្នុងការកាន់កាប់ដីធ្លីដោយគ្មានការព្រួយបារម្ភទៀតឡើយ។

 

ឯកឧត្ដម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រ សូមរក្សាទុកវិញ្ញាបនបត្រនេះឱ្យបានល្អ កុំឱ្យបាត់បង់ ឬខូចខាត ព្រោះវាជាឯកសារកម្មសិទ្ធិដ៏សំខាន់បំផុតរបស់គ្រួសារ និងពិនិត្យទិន្នន័យឱ្យបានច្បាស់លាស់ប្រសិនបើមានការខុសឆ្គងលើឈ្មោះ ទីតាំង ឬទំហំដី សូមប្រញាប់ទំនាក់ទំនងទៅកាន់មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីធ្វើការកែសម្រួលឱ្យទាន់ពេលវេលាផងដែរ៕ (ដោយឈឿន ប៊ុនឈី)

ព័ត៌មានផ្សេងៗ
យ៉ាងហោចណាស់កាលពីយប់មិញនេះផ្ទះលក់ចាប់ហួយមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះស្ទើរអស់ទាំងស្រុង
24/07/2026 02:22:40 krth
រដ្ឋបាលខេត្ត រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និងរាប់បាត្រ ឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាលដែលបានពលីក្នុងសមរភូមិមុខ
23/07/2026 07:57:15 krth
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
22/07/2026 23:51:26 krth
កម្ពុជា និង FBI ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ
22/07/2026 10:45:33 krth
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
21/07/2026 02:01:54 krth

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost