រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»
ថ្ងៃចេញផ្សាយ ៖ 01/07/2026 08:57:14
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 

ស្វាយរៀង:នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធ «ទិវាមច្ឆជាតិ» លើកទី២១ នៅខេត្តស្វាយរៀង។

ថ្លែងក្នុងពិធី, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការប្រារព្ធ «ទិវាមច្ចជាតិ» នៅថ្ងៃទី ១ ខែ កក្កដា ជារៀងរាល់ឆ្នាំ គឺដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីដល់​​គ្រប់តួអង្គពាក់ព័ន្ធ ជាពិសេស ប្រជានេសាទមូលដ្ឋាន និងប្រជាពលរដ្ឋ ឱ្យចូលរួមការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននូវការគ្រប់គ្រង, ថែរក្សា និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព សម្រាប់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយរបស់យើង។ ម្យ៉ាងទៀត, ការកំណត់ឱ្យមានរដូវបិទនេសាទ គឺដើម្បីទុកពេលឱ្យត្រីពងកូន, បន្តពូជ និងលូតធំធាត់នៅរដូវទឹកឡើង ដែលជាប្រភពអាហារចម្បងរបស់បងប្អូនប្រជាពលរដ្ឋ និងជាប្រភពចំណូលប្រចាំថ្ងៃដ៏សំខាន់របស់ប្រជានេសាទ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ» ដោយសារមច្ឆជាតិ​ ជាប្រភពផ្តល់ប្រូតេអ៊ីន មិនចេះរីងស្ងួត និង អាចរក្សាទុកបាន, មច្ឆជាតិ ជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់, និង សម្បូណ៌ទៅដោយមីក្រូសារធាតុ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តីពីការកែទម្រង់ស៊ីជម្រៅវិស័យជលផល ឆ្នាំ២០១៥-២០២៤ សំដៅលុបបំបាត់ឡូត៍នេសាទ ដើម្បីប្រគល់សិទ្ធិគ្រប់គ្រង និងទាញផលទៅឱ្យប្រជាពលរដ្ឋ តាមរយៈសហគមន៍នេសាទ; យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍវារីវប្បកម្ម សំដៅជំរុញការចិញ្ចឹមត្រី និង វារីសត្វផ្សេងៗ ដើម្បីកាត់បន្ថយសម្ពាធលើការនេសាទធម្មជាតិ និង ធានាការផ្គត់ផ្គង់ទីផ្សារ; ផែនការយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រង និង ការអភិរក្សធនធានជលផល ឆ្នាំ២០២០-២០២៩ សំដៅស្តារប្រព័ន្ធអេកូឡូស៊ី, និង ការពារតំបន់ជម្រកត្រីពងកូន, ទាំងក្នុងតំបន់បឹងទន្លេសាប និង តំបន់ឆ្នេរ; និង ក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ឆ្នាំ២០១០-២០១៩ សំដៅតម្រង់ទិសដៅអភិវឌ្ឍជលផល ដោយបែងចែកជា ៣ សសរស្តម្ភចម្បង គឺ ជលផល, វារីវប្បកម្ម, និង ការកែច្នៃក្រោយប្រមូលផល និង ពាណិជ្ជកម្ម ។ ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលក៏បានខិតខំចរចាបើកច្រកទីផ្សារលក់កសិផល និងជលផល ដើម្បីបង្កើតច្រកនាំចេញ និងធានាស្ថិរភាពតម្លៃជូនប្រជាកសិករ និងប្រជានេសាទ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក៏កំពុងខិតខំអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីមច្ឆជាតិ, និង ដោះស្រាយ ជាប្រព័ន្ធនូវបញ្ហាប្រឈមចម្បងក្នុងអនុវិស័យជលផល ដូចជា៖ ការបាត់បង់ជម្រក, ការប្រែប្រួលអាកាសធាតុ និង ការនេសាទហួសកម្រិត, តាមរយៈ ការពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល ដោយបង្កើនការល្បាត និង ទប់ស្កាត់បទល្មើសនេសាទ, និង ការគោរព និង អនុវត្តតាមរដូវបិទនេសាទ; ការបង្កើត និង ការពារតំបន់អភិរក្សជលផល ដោយស្តារ និង ការពារទីជម្រកធម្មជាតិ; ការលើកកម្ពស់ការចូលរួមរបស់សហគមន៍ ដោយបង្កើត និង ពង្រឹងតួនាទីសហគមន៍នេសាទ, និង ការអប់រំ និង ផ្សព្វផ្សាយ; ការពង្រឹងប្រព័ន្ធតាមដានធនធានជលផល ដោយធ្វើឌីជីថលូបនីយកម្ម; និង ការលើកកម្ពស់ការស្រាវជ្រាវ និង នវានុវត្តន៍ ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់អាងទន្លេមេគង្គ, អង្គការអន្តរជាតិ និង ដៃគូអភិវឌ្ឍ ។

ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេស ប្រជានេសាទ ឱ្យចូលរួម ថែរក្សា, ការពារ, អភិរក្ស និង អភិវឌ្ឍ ធនធានជលផលជាតិ ឱ្យបានគង់វង្ស ដោយប្រើប្រាស់តែឧបករណ៍នេសាទដែលច្បាប់បានអនុញ្ញាត, និង សូមគិតថា «ការអនុវត្តច្បាប់ គឺមិនមែនដើម្បីកាត់ផ្តាច់ជីវភាពរបស់បងប្អូននោះទេ, ប៉ុន្តែគឺដើម្បីអភិរក្សធនធានទាំងនេះ សម្រាប់បងប្អូន និង កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា» ៕

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ព័ត៌មានផ្សេងៗ
យ៉ាងហោចណាស់កាលពីយប់មិញនេះផ្ទះលក់ចាប់ហួយមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះស្ទើរអស់ទាំងស្រុង
24/07/2026 02:22:40 krth
រដ្ឋបាលខេត្ត រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និងរាប់បាត្រ ឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាលដែលបានពលីក្នុងសមរភូមិមុខ
23/07/2026 07:57:15 krth
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
22/07/2026 23:51:26 krth
កម្ពុជា និង FBI ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ
22/07/2026 10:45:33 krth
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
21/07/2026 02:01:54 krth

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost