សម្តេច​ធិបតី​លេីកទឹកចិត្ត​ឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ថ្ងៃចេញផ្សាយ ៖ 30/06/2026 08:32:33
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 

 

រាជធានីភ្នំពេញ:នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (Vanthong Kongmany) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសន្តិសុខសាធារណៈឡាវ, ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលកិច្ចសហប្រតិបត្តិការដ៏ល្អនេះបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា, ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង៣ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ នេះ។ សម្ដេចធិបតីក៏បានរំលឹកអំពីចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ឡាវ-វៀតណាម ដោយសម្ដេចធិបតីបានលើកឡើងពីការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ក្នុងឆ្នាំ២០២៦ នេះ និងការត្រៀមប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នាឆ្នាំ២០២៧ ខាងមុខនេះ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់​ នៃការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នានៅក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនៃប្រទេសទាំង៣ ជាពិសេសការជំរុញឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន បន្តសហការយ៉ាងជិតស្និទ្ធក្នុងការងារថែរក្សាសន្តិសុខ សំដៅប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស, ការរត់ពន្ធគ្រឿងញៀន ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

មុននឹងបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា, ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង៣ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ ក៏ដូចជាការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ។

ជាទីបញ្ចប់, សម្ដេចធិបតីជំរុញឱ្យបង្កើនការផ្លាស់ប្តូរ និងរឹតចំណងទំនាក់ទំនង និងមិត្តភាពរវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងស្រទាប់យុវជននៃប្រទេសទាំង៣៕

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ព័ត៌មានផ្សេងៗ
យ៉ាងហោចណាស់កាលពីយប់មិញនេះផ្ទះលក់ចាប់ហួយមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះស្ទើរអស់ទាំងស្រុង
24/07/2026 02:22:40 krth
រដ្ឋបាលខេត្ត រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និងរាប់បាត្រ ឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាលដែលបានពលីក្នុងសមរភូមិមុខ
23/07/2026 07:57:15 krth
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
22/07/2026 23:51:26 krth
កម្ពុជា និង FBI ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ
22/07/2026 10:45:33 krth
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
21/07/2026 02:01:54 krth

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost