ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់អតីតយុទ្ធជន ប្រជាពលរដ្ឋក្រីក្រក្នុងគម្រោង LASED III និងប្រជាពលរដ្ឋភៀសសឹក សរុបចំនួន ១,០៦២គ្រួសារ។
ពិធីនេះធ្វើឡើងនៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្រោមវត្តមាន ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្ដម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្ដម មាន ចាន់យ៉ាដា បានថ្លែងលើកឡើងថា៖ សកម្មភាពមនុស្សធម៌នាពេលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពី ការយកចិត្តទុកដាក់ ទឹកចិត្តមនុស្សធម៌ និងការគិតគូរជាប្រចាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងជួបការលំបាក និងរងផលប៉ះពាល់ពីស្ថានភាពផ្សេងៗ។
ឯកឧត្ដម មាន ចាន់យ៉ាដា បានថ្លែងបញ្ជាក់ទៀតថា ៖កាកបាទក្រហមកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ ដោយផ្តល់ជំនួយដល់ប្រជាពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយ និងអនុវត្តតាមពាក្យស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។

ជាមួយគ្នានេះ ឯកឧត្ដម យូ ឡាណា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអតីតយុទ្ធជន ប្រជាពលរដ្ឋក្នុងគម្រោង LASED III និងបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដោយក្តីស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ។
ឯកឧត្ដម អគ្គលេខាធិការរងទី២ បានថ្លែងគូសបញ្ជាក់ថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ និងតាមដានជាប្រចាំអំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងអ្នកដែលមានជីវភាពខ្វះខាតនៅតាមបណ្តាខេត្តនានា ព្រមទាំងបានណែនាំដល់ក្រុមការងារថ្នាក់កណ្តាល និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ឱ្យចុះអន្តរាគមន៍បានទាន់ពេលវេលា ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថាសម្ភារៈ និងគ្រឿងឧបភោគបរិភោគដែលចែកជូនដល់គ្រួសារនីមួយៗរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេះ, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា ២ដប, ម្សៅសាប៊ូ ១ថង់, ឃីត ១ឃីត និងថវិកា ២ម៉ឺនរៀល៕(ដោយឈឿន ប៊ុនឈី)
នាយករដ្ឋមន្ត្រីកម្ពុជាជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១
អតីតយុទ្ធជន និងប្រជាពលរដ្ឋរងគ្រោះសរុប ១,០៦២គ្រួសារ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd នឹងសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ
សម្ដេចធិបតីជួបជាមួយប្រធានក្រុមហ៊ុន
ភ្លៀងធ្លាក់មួយមេធំបានធ្វើឲ្យដំណាំកសិកម្មក្នុងខេត្តស្រស់បំព្រងនិងស្រូវក៏អាចមានទឹកគ្រប់គ្រាន់ផងដែរ © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost