ប៉ៃលិន៖ ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោក ជំទាវ បណ្ឌិត បាន ស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញបើក បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោមសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកទឹកចិត្ត ក្មួយៗ សិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ ពីសមត្ថភាពធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឱ្យបាន ខ្ជាប់ ខ្ជួន នូវបទប្បញ្ញត្តិនិងបទបញ្ជាផ្ទៃក្នុងនៃការ ប្រឡង ហើយការប្រឡងឆ្នាំនេះ ក៍មិនខុសពីឆ្នាំមុនៗដែរនីតិវិធីនៃការ រៀបចំ ទាំង អស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹង រឹងបំផុតពោល«អ្នកចេះគឺជាប់»។
លោកជំទាវបណ្ឌិតក៍បានបង្ហាញហឹបវិញ្ញាសារ ជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសារនៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរព តាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំងបានផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់ ត្រូវ ថែរក្សា សុខ ភាពឲ្យបានល្អ រយៈពេល ០២ថ្ងៃនេះ និងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យ ក្នុងការ ប្រឡង ដែលសាកសមជាទំពាំងស្នងឫស្សី នឹងក្លាយជាសសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត់។

សម្រាប់ ឆ្នាំសិក្សា ២០២៥-២០២៦ ក៍មិនខុសពីឆ្នាំមុនៗនោះដែរ គឺឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ប៉ៃលិន បានបន្តផ្ដល់ជូនសម្រាប់ បេក្ខជន ប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ ទាំងអស់ នៅទូទាំងខេត្ត សម្រាប់កន្លែងស្នាក់នៅ និងអាហារ៣ពេល មធ្យោបាយធ្វើ ដំណើរទៅ កាន់មណ្ឌលប្រឡង ព្រមទាំង ការផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃ នៅតាម ទីតាំង ដែល បានរៀបចំ ហើយចំពោះបេក្ខជន ដែល ទទួលបាននិទ្ទេសល្អ ឯកឧត្តម និងលោកជំទាវ នឹងផ្តល់រង្វាន់លើកទឹក ចិត្ត ព្រមទាំងផ្តល់អាហាររូបករណ៍ជូន សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត មានបំណងបន្តការសិក្សាទៅ ថ្នាក់ឧត្តម សិក្សា ផងដែរ។
បើតាមការបញ្ជាក់របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានឲ្យដឹងថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦នេះ គឺប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែសីហាឆ្នាំ២០២៦ ហើយចំពោះខេត្តប៉ៃលិន មានបេក្ខជនប្រឡងចំនួន ៦៦២នាក់ ស្រី៣៨៦នាក់ ស្វៃរិន ៤៣នាក់ មានចំនួន ២៧បន្ទប់ ដោយចែកចេញជា ២មណ្ឌល ក្នុងនោះមណ្ឌលផ្នែកវិទ្យាសាស្ត្រ មាន ៥បន្ទប់ ចំនួន ១២១នាក់ ស្រី ៦៤នាក់ និងមណ្ឌលផ្នែកវិទ្យាសាសស្ត្រសង្គម មាន ២២បន្ទប់ ចំនួន ៥៤១នាក់ ស្រី ៣២២នាក់៕ ដោយ ៖ នាក់ ង៉យ
នាយករដ្ឋមន្ត្រីកម្ពុជាជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១
អតីតយុទ្ធជន និងប្រជាពលរដ្ឋរងគ្រោះសរុប ១,០៦២គ្រួសារ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd នឹងសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ
សម្ដេចធិបតីជួបជាមួយប្រធានក្រុមហ៊ុន
ភ្លៀងធ្លាក់មួយមេធំបានធ្វើឲ្យដំណាំកសិកម្មក្នុងខេត្តស្រស់បំព្រងនិងស្រូវក៏អាចមានទឹកគ្រប់គ្រាន់ផងដែរ © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost