អភិបាលខេត្ត អញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប២០២៦
ថ្ងៃចេញផ្សាយ ៖ 10/08/2026 06:39:54
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 


ឧត្តរមានជ័យ:នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្ដមមាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តខេត្តឧត្ដរមានជ័យ បានអញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យតេជោសែនសំរោង ក្នុងនោះក៏មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត ហើយកិច្ចដំណើរការប្រឡង ក៏ត្រូវបានប្រព្រឹត្តទៅព្រមៗគ្នា និងតាមពេលវេលា ដែលបានកំណត់ របស់ក្រសួងអប់រំយុវជន និងកីឡា តាមមណ្ឌលប្រឡងនៃខេត្តឧត្ដរមានជ័យផងដែរ។

ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ គឺដើម្បីដឹងពីសមត្ថភាពចំណេះដឹង ក្នុងការស្វែងរកនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សី   ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង ប្រកបទៅដោយសុខសន្តិភាព និងមានការរីកចម្រើនគ្រប់វិស័យផងដែរ។

ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ (បាក់ឌុប) បានប្រព្រឹត្តទៅយ៉ាងរលូន ដោយទទួលបានការរៀបចំយ៉ាងល្អិតល្អន់ និងមានស្តង់ដារបច្ចេកទេសខ្ពស់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់។

បរិយាកាសទូទៅនៅតាមមណ្ឌលប្រឡងនានាត្រូវបានចាត់ទុកថាមានភាពល្អប្រសើរ ១០០% ទាំងលើកត្តាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ដោយគ្មានហេតុការណ៍អសន្តិសុខ ឬភាពមិនប្រក្រតីណាមួយកើតឡើងឡើយ ដែលនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាភាពយុត្តិធម៌ តម្លាភាព និងគុណភាពនៃការប្រឡង។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦នេះ ខេត្តឧត្តរមានជ័យ រៀបចំមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន៣ មណ្ឌល ក្នុង២ទីតាំង គឺវិទ្យាល័យហ៊ុន សែនឧត្តរមានជ័យ និងវិទ្យាល័យតេជោសែនសំរោង ដែលបេក្ខជនមានសិទ្ធប្រឡងសរុបចំនួន១ ៧៣១នាក់ ស្រី៩៧៧នាក់ ៖
១-វិទ្យាល័យហ៊ុនសែនឧត្តរមានជ័យ ចំនួន២មណ្ឌល មាន ៖
-មណ្ឌលវិទ្យាសាស្ត្រ (ខាងត្បូង) មាន ១មណ្ឌល ចំនួន ១២ បន្ទប់បេក្ខជន២៧៧នាក់ ស្រី១៤៥នាក់
-មណ្ឌលវិទ្យាសាស្ត្រសង្គម (ខាងលិច) មាន ១មណ្ឌល ចំនួន ២៨ បន្ទប់ បេក្ខជនចំនួន៦៥៤នាក់
២-វិទ្យាល័យតេជោសែនសំរោង មាន ១មណ្ឌល ចំនួន៣២បន្ទប់បេក្ខជនចំនួន៨០០នាក់ផងដែរ៕ (ដោយ ឈឿន ប៊ុនឈី)

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost