អភិបាលខេត្ត ជួបសំណេះសំណាលជាមួយបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦
ថ្ងៃចេញផ្សាយ ៖ 04/08/2026 12:57:13
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីសំណេះសំណាលជាមួយបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ដើម្បីផ្ដល់ឱវាទ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃខាងមុខ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានិសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តឧត្តរមានជ័យ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករផងដែរ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្សទាំងអស់ ព្រមទាំងការយកចិត្តទុកដាក់របស់លោកគ្រូ អ្នកគ្រូ និងមាតាបិតាអាណាព្យាបាល ដែលបានជួយជ្រោមជ្រែងអប់រំបណ្តុះបណ្តាលកន្លងមក។

ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ និងការផ្តាំផ្ញើប្រកបដោយក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ដល់បេក្ខជនប្រឡង ត្រូវយកចិត្តទុកដាក់លើការថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីមានកម្លាំងកាយចិត្តមាំមួនក្នុងការប្រឡង។ បន្ថែមពីនេះត្រូវគោរពបទបញ្ជាផ្ទៃក្នុងការប្រឡងឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការនាំយកឧបករណ៍អេឡិចត្រូនិក ឬឯកសារហាមឃាត់ផ្សេងៗចូលក្នុងបន្ទប់ប្រឡង។

ទន្ទឹមនឹងនេះក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តឧត្តរមានជ័យ ឯកឧត្តមក៏បានបញ្ជាក់ផងដែរអំពីការត្រៀមលក្ខណៈរួចរាល់របស់ក្រុមការងារយុវជន ស.ស.យ.ក. ក្នុងការសម្របសម្រួលការធ្វើដំណើរ ទីកន្លែងស្នាក់នៅ ម្ហូបអាហារ និងផ្តល់ការគាំទ្រផ្សេងៗដល់បេក្ខជនដែលមានជីវភាពខ្វះខាត ឬមកពីតំបន់ឆ្ងាយៗក្នុងសម័យប្រឡងខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥ -២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ (ដោយឈឿន ប៊ុនឈឺ )

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost