ខេត្តឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីអបអរសាទរ «ទិវាអន្តរជាតិប្រយុ
ទ្ធប្រឆាំងគ្រឿងញៀន» យ៉ាងមហោឡារិក ក្រោមប្រធានបទដ៏មានសារៈសំខាន់ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ក្នុងគោលបំណងបង្កើនការយល់ដឹង បំផុសចលនាមហាជន និងពង្រឹងកិច្ចសហការរវាងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងការលុបបំបាត់គ្រោះថ្នាក់នៃគ្រឿងញៀនចេញពីសហគមន៍។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ថោង សុគន្ធា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ……..ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឡើងអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍សង្ខេបអំពីសភាពការណ៍ ក៏ដូចជាលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តនាពេលកន្លងមក។
លោកឧត្តមសេនីយ៍ត្រី បានគូសបញ្ជាក់ថា កងកម្លាំងនគរបាលខេត្ត ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការស្រាវជ្រាវ បង្ក្រាប និងទប់ស្កាត់ការរត់ពន្ធ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់យ៉ាងក្តៅគគុក។ បន្ថែមពីលើកិច្ចប្រតិបត្តិការបង្ក្រាប លោកស្នងការបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអប់រំ ផ្សព្វផ្សាយ និងការស្វែងរកអ្នកញៀនគ្រឿងញៀនឱ្យចូលរួមក្នុងការស្តារនីតិសម្បទា ដើម្បីជួយពួកគេឱ្យត្រឡប់មកចូលរួមក្នុងសង្គមវិញដោយសុវត្ថិភាព។
ជាកិច្ចបន្ត លោក ហោ ជិនវិរយុទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានឡើងអានសារលិខិតទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើជូនបងប្អូនជនរួមជាតិក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សារលិខិតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗជាច្រើន រួមមាន៖
ជម្រុញឱ្យគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។
ការប្រើប្រាស់បច្ចេកវិទ្យា និងវិធីសាស្ត្រអប់រំថ្មីៗ ដើម្បីទប់ស្កាត់ល្បិចកលរបស់ក្រុមឧក្រិដ្ឋជនដែលតែងតែផ្លាស់ប្តូររូបភាពនៃការជួញដូរគ្រឿងញៀន។
អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជន ឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមរាយការណ៍ជូនអាជ្ញាធរនៅពេលឃើញមានបទល្មើសគ្រឿងញៀនក្នុងសហគមន៍ ក្រោមទិសស្លោក «៣ កុំ ១ រាយការណ៍»។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ថោង សុគន្ធា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តឧត្តរមានជ័យ ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបង្ក្រាបបទល្មើសគ្រឿងញៀននាពេលកន្លងមក។
ឯកឧត្តម អគ្គលេខាធិការ បានសង្កត់ធ្ងន់ថា ប្រធានបទឆ្នាំនេះ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» គឺជាការដាស់តឿនស្មារតីយើងទាំងអស់គ្នាថា បញ្ហាគ្រឿងញៀនមិនមែនជាបន្ទុករបស់ស្ថាប័នណាមួយនោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់សង្គមទាំងមូល។ ឯកឧត្តមបានផ្តល់អនុសាសន៍បន្ថែមដល់អាជ្ញាធរខេត្តឧត្តរមានជ័យ៖
1.បង្កើនការអប់រំនៅតាមសាលារៀន និងសហគមន៍៖ បង្កើតកម្មវិធីអប់រំប្រកបដោយភាពទាក់ទាញ ដើម្បីឱ្យយុវជនយល់ដឹងច្បាស់ពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគ្រឿងញៀន។
2.ការជួយសង្គ្រោះ និងស្តារនីតិសម្បទា៖ យកចិត្តទុកដាក់លើការសង្គ្រោះអ្នកញៀនគ្រឿងញៀន តាមរយៈការធ្វើសមាហរណកម្មពួកគេឱ្យត្រឡប់មកជួបជុំគ្រួសារ និងមានមុខរបរចិញ្ចឹមជីវិតត្រឹមត្រូវ។
កម្មវិធីទាំងមូលបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និងស្មារតីប្តេជ្ញាចិត្តខ្ពស់ពីសំណាក់អ្នកចូលរួមទាំងអស់ ក្នុងការរួមគ្នាលុបបំបាត់គ្រឿងញៀនឱ្យអស់ពីខេត្តឧត្តរមានជ័យ ដើម្បីកសាងសហគមន៍មួយដែលមានសុវត្ថិភាព ភាពសុខសាន្ត និងការអភិវឌ្ឍប្រកបដោយចីរភាព៕ ( ដោយឈឿន ប៊ុនឈី )
នាយករដ្ឋមន្ត្រីកម្ពុជាជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១
អតីតយុទ្ធជន និងប្រជាពលរដ្ឋរងគ្រោះសរុប ១,០៦២គ្រួសារ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd នឹងសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ
សម្ដេចធិបតីជួបជាមួយប្រធានក្រុមហ៊ុន
ភ្លៀងធ្លាក់មួយមេធំបានធ្វើឲ្យដំណាំកសិកម្មក្នុងខេត្តស្រស់បំព្រងនិងស្រូវក៏អាចមានទឹកគ្រប់គ្រាន់ផងដែរ © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost