គ្រួសារយោធិនចំនួន ៥៥០គ្រួសារ នៅខេត្តឧត្តរមានជ័យ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្ត
ថ្ងៃចេញផ្សាយ ៖ 23/06/2026 09:20:16
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

ឧត្តមានជ័យ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ ឯកឧត្តម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះកន្លងមកនេះរួមជាមួយលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនគ្រួសារយោធិន ចំនួន៥៥០គ្រួសារ នៅខេត្តឧត្តរមានជ័យ។ ពិធីចែកអំណោយនេះធ្វើឡើងចំនួន២ទីតាំងផ្សេងគ្នា រួមមាន ទីតាំងទី១ សម្រាប់គ្រួសារយោធិន ចំនួន២៥០គ្រួសារ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង និងទីតាំងទី២ សម្រាប់គ្រួសារយោធិនចំនួន ៣០០គ្រួសារ ស្ថិតនៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

នាឱកាសនោះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន បានពាំនាំនូវប្រសាសន៍ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកជាមួយនឹងការស្រឡាញ់យ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនគ្រួសារយោធិនទាំងអស់នៅទីនេះ បើទោះបី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានអញ្ជើញមកដោយផ្ទាល់ក៏ដោយ ប៉ុន្តែទឹកចិត្តនិងមនោសញ្ចេតនានៅជាមួយបងប្អូនប្រជាពលរដ្ឋ និងគ្រួសារយោធិនជានិច្ច។ ជាក់ស្តែងការផ្តល់អំណោយនាពេលនេះ គឺបង្ហាញពីការយកចិត្តទុកដាក់គិតគូរ និងជាការចែករំលែកនូវសេចក្តីស្រឡាញ់ និងសាមគ្គីភាពក្នុងស្មារតី មនុស្សធម៌ ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋជាគ្រួសារយោធិន។ លោកវេជ្ជបណ្ឌិតបន្តថា អំណោយមនុស្សធម៌ចែកជូននៅពេលនេះដែរគឺទទួលបានពីការបរិច្ចាគដោយសទ្ធាជ្រះថ្លាពីសប្បុរសជនគ្រប់មជ្ឈដ្ឋានជូនកាកបាទក្រហមកម្ពុជា ក្នុងទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

ឯកឧត្តម មាន ចាន់យ៉ាដា មានប្រសាសន៍ថា ការចែកអំណោយនៅថ្ងៃនេះធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងហេតុផលពីរ ទី១៖បង្ហាញពីមនោសញ្ចេតនាជាមួយគ្រួសារយោធិន និងទី២ ៖ យកឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ នាំយកអំណោយចែកជូនបងប្អូនជាគ្រួសារយោធិន ។  សកម្មភាពក្នុងថ្ងៃនេះ ក្នុងនាមប្រជាជន និងគ្រួសារ យោធិនក្នុងខេត្តឧត្តរមានជ័យ សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សូមមានព្រះរាជសុខភាពល្អពេញបរិបូណ៌ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជារាស្ត្រ ជាកូន ជាចៅ ចៅទួត ជ្រកកោនជារៀងដរាបតទៅ។ នឹងតាមរយៈការចែកអំណោយនៅថ្ងៃនេះដែរសូមបួងសួងជូនដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមាតាមនុស្សធម៌ ឬអ្នកម្តាយមនុស្សធម៌ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ឱ្យកាន់តែមានឈ្មោះល្បីរន្ទឺទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស។ ដូច្នេះទន្ទឹមនិងទទួលបានការជួយគិតគូរពីជីវភាពការរស់នៅ អ្វីដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចង់បានពីបងប្អូននោះគឺ សូមយកចិត្តទុកដាក់ថែទាំសុខភាពខ្លួនឯង  និងក្រុមគ្រួសារឱ្យបានល្អ ត្រូវមានអានាម័យក្នុងការរស់នៅជានិច្ច ដោយហូបស្អាត ផឹកស្អាត ដើម្បីក្លាយមូលធនមនុស្សដើម្បីចូលរួមការពារ និងអភិវឌ្ឍប្រទេសជាតិ ព្រោះប្រទេសជាតិខ្លាំង និងរីកចម្រើនទៅបានគឺពឹងលើធនធានមនុស្សដែលមានទាំងចំណេះដឹង និងសុខភាពល្អ ។ បន្ថែមលើនេះសូមបងប្អូនទាំងអស់ត្រូវធ្វើការបង្កបង្កើនផលពិសេសដាំដុះបន្លែបង្ការ ដើម្បីកាត់បន្ថយការចំណាយនៅក្នុងគ្រួសារ។

សូមបញ្ជាក់ថា គ្រួសារយោធិនចំនួន៥៥០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអំណោយរួមមាន៖ អង្ករ ២០គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ ៦ដប, ទឹកបរិសុទ្ធ១កេស, ទឹកក្រូច វី-កូឡា ១កេស និងត្រីខ១២កំប៉ុង៕ (ដោយឈឿន ប៊ុនឈី)

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost