ំពិធីក្រុងពាលី បួងសួង និងសែនព្រេនសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅ «ប្រាសាទព្រៃនគរ»
ថ្ងៃចេញផ្សាយ ៖ 07/09/2026 07:15:40
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 

ឧត្តរមានជ័យ:រដ្ឋបាលស្រុកចុងកាល បានរៀបចំពិធីក្រុងពាលី បួងសួង និងសែនព្រេនសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅ «ប្រាសាទព្រៃនគរ» ដែលជាសម្បត្តិវប្បធម៌ និងជាប្រាសាទបុរាណដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន នៅលើទឹកដីនៃខេត្តឧត្តរមានជ័យ។

ខេត្តឧត្តរមានជ័យ៖ លោក លី រដ្ឋាអភិបាលស្រុកចុងកាល់  រួមជាមួយ លោក សុខ សុផាត ប្រធានក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋជាច្រើនរូប បានរួមគ្នាប្រារព្ធពិធីសែនព្រេន និងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅបរិវេណប្រាសាទព្រៃនគរ ដែលជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងជាប្រាសាទបុរាណដ៏មានតម្លៃ ស្ថិតក្នុងភូមិពង្រ ឃុំពង្រ ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។


ពិធីនេះត្រូវបានរៀបចំឡើងតាមបែបព្រហ្មញ្ញសាសនា និងទំនៀមទម្លាប់ប្រពៃណីខ្មែរ ដោយមានការរៀបចំថ្វាយគ្រឿងសក្ការបូជា ផ្លែឈើ ភេសជ្ជៈ និងសែនព្រេនដល់បារមីវត្ថុស័ក្តិសិទ្ធិ ដែលថែរក្សាទឹកដីប្រវត្តិសាស្ត្រមួយនេះ។ គោលបំណងចម្បងនៃពិធីបួងសួងនេះ គឺដើម្បី៖
បួងសួងសុំពរជ័យ សិរីសួស្តី និងសេចក្តីសុខក្សេមក្សាន្ត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងស្រុកចុងកាល ក៏ដូចជាប្រជាជាតិខ្មែរទាំងមូល។
បួងសួងសុំទឹកភ្លៀងធ្លាក់ស្រោចស្រពតាមរដូវកាល សម្រាប់ការបង្កបង្កើនផលកសិកម្មរបស់បងប្អូនប្រជាកសិករ។
ឧទ្ទិសកុសល និងរំលឹកគុណូបការៈដល់បុព្វបុរសខ្មែរ និងវីរកងទ័ពដែលបានលះបង់ជីវិតក្នុងការការពារបូរណភាពទឹកដី។
នៅក្នុងឱកាសនោះ លោក លីរដ្ឋា អភិបាលស្រុកចុងកាល់ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យុវជនជំនាន់ក្រោយ និងភ្ញៀវទេសចរទាំងអស់ ឱ្យចូលរួមស្វែងយល់ ថែរក្សា និងការពារបរិស្ថានជុំវិញតំបន់ប្រាសាទបុរាណនេះ ដើម្បីរក្សាបាននូវតម្លៃវប្បធម៌ អរិយធម៌ដ៏យូរលង់។ ជាងនេះទៅទៀត រដ្ឋបាលស្រុកមានទិសដៅបន្តអភិវឌ្ឍ និងលើកកម្ពស់តំបន់ប្រាសាទព្រៃនគរនេះ ឱ្យក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏ទាក់ទាញមួយប្រចាំខេត្តឧត្តរមានជ័យ ដើម្បីជួយបង្កើតមុខរបរ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
គួររំលឹកផងដែរថា ប្រាសាទព្រៃនគរ គឺជាប្រាសាទបុរាណដែលកសាងឡើងពីថ្មបាយក្រៀម និងថ្មភក់ ប្រាសាទនេះមិនត្រឹមតែជាទីសក្ការបូជាដ៏ស័ក្តិសិទ្ធិរបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីកម្មប្រវត្តិសាស្ត្រដ៏សំខាន់ដែលបង្ហាញពីភាពរុងរឿងនៃអាណាចក្រខ្មែរនាសម័យបុរាណ៕
(ដោយឈឿន ប៊ុនឈី)

 

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost