បណ្ណសម្គាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លីជាង ៦ពាន់បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ
ថ្ងៃចេញផ្សាយ ៖ 05/09/2026 12:55:10
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 

ឧត្តរមានជ័យ:នៅថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាព នៃបណ្ណសម្គាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុជូនប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងប្រិយ៍ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅបរិវេណភូមិទួលត្បែង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង នៅបរិវេណ ខេត្តឧត្តរមានជ័យ។

លោក គីម គាវិន ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត  បានលើកឡើងថា បណ្ណសម្គាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុ ដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋ នាពេលនេះ មានចំនួន ៦ ,៦៦៥បណ្ណ ស្មើរនឹង ០៩ភូមិ រួមមាន ភូមិទួលកណ្តាល ភូមិ ទួលទឹកជុំ ភូមិឃ្លាំងកណ្តាល ភូមិទួលត្បែង ភូមិស្រះឈូក ភូមិទំនប់លើ ភូមិឯកភាព ភូមិសន្តិភាព ភូមិបឹង ភូមិទួលសាលា ភូមិប្រាសាទ និង ភូមិទឹកជប់។

 

ឯកឧត្ដម មាន ចាន់យ៉ាដា បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងប្រកបដោយគតិបណ្ឌិត ដែលតែងតែគិតគូរជាប្រចាំដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសការជំរុញការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីកាត់បន្ថយទំនាស់ដីធ្លី និងផ្តល់តម្លៃសេដ្ឋកិច្ចដល់អចលនវត្ថុរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលទើបទទួលបានបណ្ណកម្មសិទ្ធិទាំងអស់ ត្រូវថែរក្សាទុកដាក់បណ្ណនេះឱ្យបានគង់វង្ស កុំឱ្យខូចខាត ឬបាត់បង់ និងបានថ្លែងអំណរគុណដល់អាជ្ញាធរដែនគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្ត្រីជំនាញសុរិយោដី ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរហូតទទួលបានជោគជ័យគួរឱ្យមោទនភាពនេះ៕ (ដោយឈឿន ប៊ុនឈី)

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost