ឧត្តរមានជ័យ:នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦កន្លងមកថ្មីៗនេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពទឹកចំនួន០២ កន្លែងគឺ អាងតាម៉ុក និងស្ពានទួលប្រាសាទ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឲ្យស្ថានភាពកម្ពស់ទឹកហក់ឡើងដល់កម្រិតត្រូវឱ្យមានការប្រុងប្រយ័ត្ន។
បន្ទាប់ពីបានចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពទឹក កត់សម្គាល់ឃើញថា ស្ថានភាពទឹកនៅថ្ងៃនេះ មានការស្រកចុះប្រសើរឡើងវិញហើយ ដោយអាងតាម៉ុកមានកម្ពស់ទឹក ៣.៥៧ ម៉ែត្រ បើប្រៀបទៅនឹងពីម្សិលមិញ មានកម្ពស់ទឹក ៣.៨១ ម៉ែត្រ (ទឹកស្រក ០.២៤ ម) ប៉ុន្តែអាជ្ញាធរខេត្ត និងក្រុមការងារជំនាញនៅតែបន្តប្រុងប្រយ័ត្នខ្ពស់ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍បានភ្លាមៗជូនប្រជាពលរដ្ឋ ព្រោះស្ថានភាពអាកាសធាតុ
ក្នុងរដូវវស្សានេះអាចនឹងមានភ្លៀងធ្លាក់បន្តទៀត។
ឯកឧត្ដម អភិបាលខេត្ត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះស្ថានភាពអាកាសធាតុនិងកម្ពស់ទឹក ជាពិសេសត្រូវយកចិត្តទុកដាក់លើសុវត្ថិភាពកុមារតូចៗ ព្រមទាំងទុកដាក់សម្ភារៈសំខាន់ៗនៅកន្លែងមានដែលមានសុវត្ថិភាព។

បន្ទាប់ពីបញ្ចប់ភារកិច្ចនៅស្រុកអន្លង់វែង ឯកឧត្ដម មាន ចាន់យ៉ាដា រួមទាំងក្រុមការងារ បានបន្តដំណើរចុះត្រួតពិនិត្យដោយផ្ទាល់លើស្ថានភាព ស្ពានក្នុងឃុំអូរស្វាយ និង ផ្លូវគ្រួសក្រហមមួយខ្សែស្ថិតក្នុងឃុំបាកអន្លូង នៃភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ដែលបានរងការខូចខាតយ៉ាងដំណំដោយសារទឹកភ្លៀងហូរកាត់ផ្ដាច់។

ការចុះបេសកកម្មផ្ទាល់នេះ គឺដើម្បីពិនិត្យ និងវាយតម្លៃយ៉ាងលម្អិតពីកម្រិតនៃការខូចខាតតួស្ពាន និងកំណាត់ផ្លូវគ្រួសក្រហម ដើម្បីឱ្យក្រុមការងារបច្ចេកទេសរៀបចំផែនការជួសជុលឡើងវិញឱ្យបានឆាប់រហ័ស ធានាដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសម្រាប់រដូវប្រមូលផលនាពេលខាងមុខនេះ៕(ដោយឈឿន ប៊ុនឈឺ)
អភិបាលខេត្ត ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ
ពិធីចាប់ឆ្នោតជ្រើសរើសដីឡូត៍ និងលំនៅឋានបណ្តោះអាសន្ន សម្រាប់ជូនជនភៀសសឹក
កិច្ចប្រជុំសាមញ្ញាលើកទី២៨របស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អាណត្តិទី៤
ំពិធីក្រុងពាលី បួងសួង និងសែនព្រេនសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅ «ប្រាសាទព្រៃនគរ»
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អណត្តិទី៤ © 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង
Developed by SabayHost