ក្នុងកិច្ចប្រជុំការងារព័ត៌មាន និងប្រតិកម្មរហ័សខេត្ត
ថ្ងៃចេញផ្សាយ ៖ 03/09/2026 08:18:20
ដោយ ៖ krth | ចំនួនអ្នកចូលមើល ៖ 21.4K

 

ឧត្តរមានជ័យ:រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំការងារព័ត៌មាន និងប្រតិកម្មរហ័ស ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ លើកកម្ពស់គុណភាពវិស័យព័ត៌មាន និងឆ្លើយតបបំភ្លឺទាន់ហេតុការណ៍ចំពោះព័ត៌មានមិនពិត ក្រោមអធិបតីភាព លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ និងជាប្រធានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សខេត្ត។

​កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីក្រុមកាងារព័ត៌មាន និងប្រតិកម្មរហ័សខេត្ត លោក លោកស្រីប្រធាន អនុប្រធានតំណាងមន្ទីរអង្គភាព-កងកម្លាំងទាំង៣ប្រភេទអាជ្ញាធរក្រុង-ស្រុក ស្ថិតនៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។

​លោក ម៉េត មាសភក្តី បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់នៃវិស័យព័ត៌មាន ក្នុងយុគសម័យឌីជីថល ដោយលោកបានស្នើ និងតម្រង់ទិសដល់ក្រុមការងារព័ត៌មានទាំងអស់នូវចំណុចគន្លឹះសំខាន់ៗក្នុងការឆ្លើយតបលឿន និងទាន់ពេលវេលា ត្រូវតាមដានព័ត៌មានជាប្រចាំ និងធ្វើការបកស្រាយ ឬបំភ្លឺព័ត៌មានឱ្យបានលឿនបំផុត នៅពេលមានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម ក្នុងន័យការពារសន្តិសុខ ភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្ត ​ជាពិសេសរាល់ព័ត៌មានដែលចេញផ្សាយដោយស្ថាប័នរដ្ឋ ត្រូវមានប្រភពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ មានលក្ខណៈបច្ចេកទេស និងឆ្លុះបញ្ចាំងពីការពិតនៃសកម្មភាពកសាង និងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

លើសពីនេះទៀត​លោកបានបញ្ជាក់បន្ថែមថា ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារព័ត៌មានខេត្ត ជាមួយមន្ទីរ-ជំនាញ អាជ្ញាធរមូលដ្ឋាន និងអ្នកសារព័ត៌មានអាជីព ដើម្បីឱ្យការហូរចូល និងចែកចាយព័ត៌មានប្រព្រឹត្តទៅបានលឿន និងមានប្រសិទ្ធភាពខ្ពស់។



​លោកអភិបាលរងខេត្ត ក៏បានសម្តែងនូវការកោតសរសើរដល់ក្រុមការងារព័ត៌មានទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក ហើយបានជំរុញឱ្យបន្តស្មារតីទទួលខុសត្រូវខ្ពស់បន្ថែមទៀត ដើម្បីបង្កើនទំនុកចិត្តពីសាធារណជន មកលើការដឹកនាំរបស់អាជ្ញាធរដែនដី និងរាជរដ្ឋាភិបាល៕ (ដោយឈឿន ប៊ុនឈី )

© 2026 KRTH © រក្សាសិទ្ធគ្រប់យ៉ាង

Developed by SabayHost